នៅល្ងាចថ្ងៃអាទិត្យ ១៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យ ស្ដេចយាងប្រទានភ្លើងទៀនជ័យលើប្រទីបព្រះបរមរាជវាំង ដើម្បីឱ្យប្រទីបដែលមកពីស្ថាប័នផ្សេងៗចំនួន ១៤ ចាប់ផ្ដើមចេញដំណើរបណ្ដែតឡើងតាមដងទន្លេសាប ពីត្បូងទៅជើង ដែលអមដោយពិធីអុជកាំជ្រួច អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅថ្ងៃទីមួយនេះ។

នៅល្ងាច ថ្ងៃទី ១០ ខែ វិច្ឆិកា ដែលថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែរព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងទតពិធីបណ្តែតប្រទីប

កាលពីម្សិលថ្ងៃទី ៩ វិច្ឆិកា កម្ពុជាអបអរសាទរទិវាបុណ្យឯករាជ្យជាតិ លើកទី ៦៦ និងទទួលទានអំបុកខ្មែរ “ថែជាតិ សាសនា និងព្រះមហាក្សត្រ “ នៅទូទាំងប្រទេសប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែង។ នៅថ្ងៃនេះ គឺចាប់ពីថ្ងៃទី ១០ ដល់ ១២ វិច្ឆិកា គឺយើងបន្តសប្បាយរីករាយជាមួយ “បុណ្យអុំទូក លយប្រទីប អកអំបុក និងសំពះព្រះខែ”។

នៅព្រឹកថ្ងៃទី ៩ វិច្ឆិកា ២០១៩ នេះ ខ្ញុំនិងមន្រ្តីរាជការមកពីគ្រប់ក្រសួង ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ កូនក្មួយសិស្សានុសិស្ស បានដង្ហែរព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថ្វាយភ្លេីងជ័យនៅវិមានឯករាជ្យ នៅក្នុងថ្ងៃប្រវត្តិសាស្រ្តនៃទិវាបុណ្យឯករាជ្យជាតិលើកទី ៦៦ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៩)